ស្វែងយល់ខ្លះ ជីវភាព/តំលៃទំនិញ នៅប្រទេសបារាំង


ដើមត្នោតមួយ គ្មាននឹកឃើញ និយាយរឿងជីវភាពសោះ ព្រោះដូចជាគ្មានរឿងអ្វី ត្រូវនិយាយ ប៉ុន្តែឃើញម៉ន (មើល) បានលើកឡើងពត៌មាន សំរាប់ស្វែងយល់ ពីតំលៃទំនិញ នៅសហរដ្ឋអាមេរិក, ដើមត្នោតមួយ ក៏ដុះពន្លកគំនិត ចង់បង្ហាញកូនខ្មែរ ជាពត៌មាន អំពីតំលៃទំនិញ នៅប្រទេសបារាំង, ក្រុងប៉ារីស ដែលដើមត្នោតមួយ កំពុងរស់នៅ/ធ្វើការ។

ពត៌មាន ជីវភាព និង តំលៃទំនិញ នៅសហរដ្ឋអាមេរិក ដែលម៉ន (មើល) បានលើកឡើង និង នៅប្រទេសបារាំង ដែលដើមត្នោតមួយ លើកឡើង ច្បាស់ជាមានប្រយោជ សំរាប់កូនខ្មែរ ជាពិសេសកូនខ្មែរ នៅប្រទេសខ្មែរ ក្នុងន័យស្វែងយល់ អ្វីដែលខ្លួន មិនទាន់បានដឹង។ អាចនិយាយថា នេះជា បំលាស់ប្តូរគ្នា ស្វែងយល់ពត៌មាន រវាងកូនខ្មែរ ក្នុងប្រទេស និង កូនខ្មែរ ក្រៅប្រទេស។

ថ្ងៃនេះ ចេញពីធ្វើការ, ដើមត្នោត ចូលផ្សារទំនើប (Supermarket) ជាទំលាប់ ស្វែងរកទិញម្ហូបអាហារ សំរាប់ ៣ ថ្ងៃ បន្ទាប់ (ពុធ ព្រហស្បត៍ សុក្រ)។ ខាងក្រោម ជាទំនិញ ដែលដើមត្នោតបានទិញ ៖

picture-275 picture-284
រូប ១ ៖ ទំនិញ supermarket ទិញពេលចេញពីធ្វើការ,

តំលៃ ៣៩.៩២ យើរ៉ូ ៖

  • ទឹកផ្លែឈើក្រហម ចំរុះ Tropicana (១ លីត្រ) ៖ ៣ យើរ៉ូ (ញ៉ាំ ក្រោយពេលអាហារ)
  • ឈីស្ស (cheese) Camembert ៖ ២  = ២ យើរ៉ូ  (ញ៉ាំលេង ធម្មតា)
  • ឈីស្ស (cheese) Edam  (២៩០ ក្រ.)  ៖ ២.២៩ យើរ៉ូ (គ្រឿងផ្សំ នំប៉័ង ផាណឺនី)
  • ផ្លែអឡឺវ (Olive) អត់ស្នូល ត្រាំ   ៖ ១.៨៦ យើរ៉ូ (ញ៉ាំ ជាមួយសាច់)
  • ស្រាក្រហម (ទំពាំងបាយជូ) Bordeaux 2006 (៧៥ ស.លីត្រ) ៖ ៣.៦៩ យើរ៉ូ (ញ៉ាំ ពេលអាហារល្ងាច)
  • ស្លាបមាន់ លឿង (៣.៨៩ យើរ៉ូ/គក្រ.)  ៖ ៥.៥៥ យើរ៉ូ (ស្អែកល្ងាច បំពងវា)
  • សាច់គោច្រលក សំរាប់ អាំង/ចៀន Promotion (៨.៥០ យើរ៉ូ/គក្រ.) ៖ ១០.៥៥ យើរ៉ូ (ចៀន ឬ អាំង)
  • ថ្លើមមាន់ (៤.៤០ យើរ៉ូ/គក្រ.) ៖ ១.១៦ យើរ៉ូ (ញ៉ាំលេង)
  • ខួរជ្រូក ចំហុយ ៖ ១.១៣ យើរ៉ូ (ចំហុយ ញ៉ាំជាមួយទឹកក្រូចឆ្មារ)
  • សាច់ក្រក Saucisse Toulouse (៥.៦០ យើរ៉ូ/គក្រ.) ៖ ៥.៦ យើរ៉ូ (ញ៉ាំលេង ជាមួយ ស្រាទំពាំងបាយជូ ល្ងាចថ្ងៃសុក្រ)
  • ទឹកដោះគោជូរផ្លែឈើ Recettes Crèmeuses (១៦ កូនប្រអប់) ៖ ៣.០៩ យើរ៉ូ (ញ៉ាំ ក្រោយពេលអាហារ)
រូប ២ ៖ ទំនិញ supermarket ទិញពេលចេញពីធ្វើការ,

តំលៃ ៣៨.៩៩ យើរ៉ូ ៖

  • នំប៉័ងវែង baguette ៖ ០.៧ យើរ៉ូ (ញ៉ាំ ឥឡូវ)
  • ៤ នំប៉័ង ផាណឺនី (panini) ៖ ៣.៥ យើរ៉ូ (សំរាប់ ញ៉ាំទៅធ្វើការ)
  • ខ្ទឹមស ២៥០ ក្រ. លេខ ១ ៖ ១.១០ យើរ៉ូ
  • ក្រូចឆ្មារ ៥០០ ក្រ. ៖ ០.៧៩ យើរ៉ូ
  • ១០ ពងមាន់ ទំហំធំ  ៖ ១,០៩ យើរ៉ូ (គ្រឿងផ្សំ នំប៉័ង ផាណឺនី)
  • ផ្លែ ឃីវី (kiwi) (ពណ៌ដូចល្មុត) ១០ ៖ ២.៩ យើរ៉ូ (ញ៉ាំលេង/ញ៉ាំលាងមាត់ ក្រោយអាហារ)
  • ប៉េងប៉ោះ ចង្កោម  ៦៦៤ ក្រ.​ ៖ ១.៣៦ យើរ៉ូ (គ្រឿងផ្សំ នំប៉័ង ផាណឺនី)
  • ស្រា សែមផេង (Champagne) ៖ ១៩.៨ យើរ៉ូ (សំរាប់ បុណ្យកំណើតគេ ថ្ងៃសៅរ៍ នេះ)
  • ប្រេងឆា អឡឺវ (Olive) ៖ ៤.៥ យើរ៉ូ (ចៀន/បំពង ស្លាបមាន់ ស្អែក)
  • ពងត្រី សមុទ្រ (១០០ ក្រ.) ៖ ៣.២៥ យើរ៉ូ (គ្រឿងផ្សំ នំប៉័ង ផាណឺនី)

picture-2921

ចេញពីធ្វើការ ឆ្លៀតចូលផ្សារទំនើប ចំណាយ អស់ ៧៨.៩១ យើរ៉ូ ។ ទំនិញឡើងថ្លៃ ប៉ុន្តែ តំលៃប៉ុណ្ណឹង មិនច្រើនទេ បើប្រៀបធៀបប្រាក់ខែ និង តំលៃទំនិញ នៅប្រទេសបារាំង, ប៉ុន្តែវាជា តំលៃខ្ពស់ បើប្រៀបទៅ ជីវភាព នៅប្រទេសខ្មែរ។

គ្មានអ្វីគួរបារម្ភពេកទេ នៅប្រទេសបារាំង ព្រោះតំលៃទំនិញ, ប្រាក់ខែ និង ការយកចិត្តទុកដាក់ ពី រដ្ឋាភិបាលបារាំង មានវិធានការជាក់ស្តែងសព្វយ៉ាង, ទាំងអស់ដើរស្របគ្នា, រឿងដែលគួរបារម្ភសំបើម គឺ នៅប្រទេសខ្មែរ ឯណោះវិញទេ ដែលតំលៃទំនិញ មិនស៊ីគ្នា ប្រាក់ខែ ហើយរដ្ឋាភិបាលខ្មែរ (ហាតែបបូរមាត់) គ្មានវិធានការជាក់ស្តែង ប៉ុន្តែទុកអោយវា តាមដំណើរទៅវិញ (អ្នកមាន នៅតែមាន, អ្នកក្រ នៅតែវេទនា, អ្នកអត់ការងារ កាន់តែអត់ការងារ, អ្នកសុំទាន កាន់តែកើន…សំដីអសុរស នៅជាដដែល ទំលាប់ របស់ហ៊ុន សែន)។ អោយអភិវឌ្ឍប្រទេសខ្មែរ យ៉ាងមេច បើសង្គមខ្មែរ នៅតែ អសមភាពហួសហេតុ ចឹង?

ច្បាស់ជាមានហើយ អ្នកឆ្ងល់ ព្រោះអត់ឃើញម្ហូបអាស៊ី ហិ ហិ។ ដើមត្នោត មួយ ចូលចិត្តញ៉ាំ ម្ហូបអាស៊ី ម្តងម្កាល ពេលទៅលេងផ្ទះខ្មែរៗ ជាពិសេស ថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ​។ ប៉ុន្តែ អោយដើមត្នោត ញ៉ាំរាល់ថ្ងៃ ម្ហូបខ្មែរ ច្បាស់ជាមិនញ៉ាំទេ ព្រោះ ៖

  • ម្ហូបខ្មែរ អស់ពេលច្រើន សំរាប់ចំអិន
  • ញ៉ាំម្ហូបខ្មែរ ឆាប់ឃ្លាន (ត្រូវញ៉ាំច្រើនដង) គ្មានកំលាំងធ្វើការ រំខានការងារ
  • ទប់មិនឈ្នះ ធាតុអាកាសត្រជាក់ នៅយើរ៉ុប (ម្ហូបខ្មែរ មិនគ្រប់គ្រាន់ថាមពល (energy))
  • ដើមត្នោត ចេះត្រឹមស្ងោរជ្រក់មាន់ ស្លឹកក្រៃ ក្រូចឆ្មារ
  • បើរឿងប៊ីចេង, ដើមត្នោត តម ១០០ % ហ្មង តាំងតែពីឆ្នាំ ១៩៩០ (ពេលផ្តើមស្រាវជ្រាវ ឯកសារ ធ្វើនិក្ខេបទបណ្ឌិត) ព្រោះដើមត្នោត ធ្លាប់អាន សៀវភៅសុខភាពថា ជាតិ sodium glutamate (ប៊ីចេង) នឹងធ្វើអោយ បាត់ការចងចាំ ពេលចាស់។

ខាងក្រោម ជាម្ហូបល្ងាចនេះ របស់ដើមត្នោត  បន្ទាប់ពី មកពីផ្សារទំនើប។ ខ្ចិលចៀន សាច់គោ នាំពិបាកឈរចាំ ខ្ចិលផងថ្ងៃនេះ, អាំងសាច់គោម្តង ៖ ដាក់សាច់គោ ១ បន្ទះ លើ raclette grill, បិទកៀបសាច់, ប្រែសាច់ ១ ត្រលប់,​ កៀបឡើងវិញ ចាំភ្លើងចេញខៀវ ទើបយកចេញដាក់ចាន, សរុប អស់ ៨ – ១០ នាទី អាចញ៉ាំបាន ឆៅតិចៗ។

picture-288 picture-291
ប្រែសាច់គោ អោយល្មមឆ្អិន ក្បែរឆៅ ចាំភ្លើងចេញ ពណ៌ខៀវ, រួច យកចេញញ៉ាំ នំប៉័ង, សាច់, បឺរ, អឡឺវ,…

ពិតជា រហ័សទាន់ចិត្ត អស់ពេល តែ ៨ – ១០ នាទី។ ងងុយដេកហើយ ខ្ញុំ!!

សំរាប់អ្នកចង់ដឹង ជីវភាពរស់នៅ នៅប្រទេសក្រៅ ជាពិសេស នៅប្រទេសបារាំង!!

ផែនការចំណាយ ជារួម របស់ដើមត្នោត និង អ្វីដែលដើមត្នោត ត្រូវតែបង្ការ

  1. អាទិភាព ទី ១ ៖ ប្រភេទចំណាយទៀងទាត់ (ប្រចាំខែ ឬ ប្រចាំ ២ ខែម្តង) ក្នុងនោះមាន ថ្លៃផ្ទះ, ថ្លៃកំប៉ិកប៉ុក ទាក់ទិននឹងផ្ទះ មាន ថ្លៃអិនរើណែត ADSL ២៩,៩០ យើរ៉ូ/ខែ ល្បឿន ២៨ មេកាប៊ីត/វិនាទី (រួមបញ្ចូល ហៅឥតគិតថ្លៃ ទូរសព្ទ ក្នុងប្រទេសបារាំង ទ្វីបយើរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន ជប៉ុន អូស្ត្រាលី, ឥតគិតថ្លៃ ទូរទស្សន៍ខៃបល់), ថ្លៃហ្កាស/អគ្គីសនី, …
  2. អាទិភាពបន្ទាប់ ៖ តាមដានលើអិនរើណេត ប្រាក់ខែ និងចំណាយ ក្នុងគណនីធនាគារ របស់ដើមត្នោត , មិនចាយជ្រុលលុយបំរុង របស់គណនីធនាគារ បើចាយលើសលុយបំរុង (២០០ យើរ៉ូ) របស់ធនាគារ ៗ នឹងបិទគណនី របស់អ្នក (និង ពិន័យអ្នក), មានផែនការចំណាយ ច្បាស់លាស់
  3. អាទិភាពបន្ទាប់បន្សំ ប៉ុន្តែចាំបាច់ ៖ សន្សំយ៉ាងតិច អោយបាន ២០០ យើរ៉ូ/មួយខែ ព្រោះពេលអាសន្ន (មានលុយសំរាប់ចំណាយ) ជាពិសេស ពេលអត់ការងារ, ពេលត្រូវជួសជុលអ្វីមួយ ដូចជាផ្ទះសំបែង ជាដើម, បង់ពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណូល, ពន្ធលើការមើលទូរទូស្សន៍, ពន្ធលើក្រលាផ្ទៃនៃផ្ទះ, ), និង រឿងដទៃ ដែលគ្មានដឹងមុន ឬ រឿងដែលមានគំរោង ដូចជា ទិញសំបុត្រយន្តហោះ ទៅណាណី ពេលឈប់សំរាកខែក្តៅ ជាដើម។

ចំណុច ១ ជា ប្រភេទចំណាយទៀងទាត់ ព្រោះនោះ ជារឿងខានមិនបាន, រាល់ចំណាយដទៃ ជាប្រភេទចំណាយមិនទៀងទាត់។ ទាំងពីរប្រភេទចំណាយ មានទំនាក់ទំនង ជាមួយគ្នា ចឹង វាមានសារៈសំខាន់ ដូចគ្នា ហើយត្រូវធ្វើយ៉ាណា អោយមានតុល្យភាព បើមិនដូច្នោះ ច្បាស់ជា… កុនហើយ។

បើអ្នកមាន សំណួរអ្វី ឬ ចំងល់អ្វី, ដើមត្នោត នឹងឆ្លើយ ព្រោះយល់ថា បទពិសោធ របស់ដើមត្នោត នឹងជាការស្វែងយល់ របស់គ្រប់កូនខ្មែរ សំរាប់ជីវភាព របស់ពួកគេ។ សូមត្រៀមខ្លួន ជានិច្ច សំរាប់គ្រប់កូនខ្មែរ ជាពិសេស កូនខ្មែរនៅប្រទេសខ្មែរ ដែលមិនបានជួបផ្ទាល់ និងចង់ដឹងជីវភាព នៅបរទេស ជាពិសេស នៅប្រទសបារាំង!!

បានចុះផ្សាយក្នុង ចំណេះដឹង, ជីវភាព, តំលៃទំនិញ. 16 Comments »

16 ចំលើយ to “ស្វែងយល់ខ្លះ ជីវភាព/តំលៃទំនិញ នៅប្រទេសបារាំង”

  1. វិចិត្រ Says:

    ខ្ញុំ​ខំ​សន្សំ​ដែរ តែ​ចាយសល់​ថ្ងៃ​ជានិច្ច

  2. កេសី Says:

    គួរអោយសរសើរមែន ។ ល្បងចេះគ្រប់គ្រងការ​ចំណាយ​ល្អជាងខ្ញុំច្រើន​ណាស់ ។ ខ្ញុំមិន​ដែលធ្វើគំរោងចំណាយស្អីទេ គឺដឹងតែ track down អ្វីដែលបានចាយ​ហើយតែប៉ុណ្ណោះ ដើម្បីអោយ​ដឹងថាខ្លួនពិត​ជាបាន​ចាយវាមែន ឬ មិនមែន ដោយសារតែចាយតាម credit card (ខ្លាចគេ​លួចលេខ credit card យកទៅចាយ) ។ ខ្ញុំច្រើន​មានទំលាប់រំភើយមិន​ខ្វល់អី ព្រោះអាងតែស្អីៗ​កន្លែង​ធ្វើការគេ​ចេញអោយ មិនដែលចេះសន្សំ​អីសោះ ។ ពេលនេះខ្ញុំដូច​ជាភ្ញាក់ខ្លួនបន្តិច ព្រោះ​សេដ្ឋកិច្ចពិភព​លោកកំពុង​តែធ្លាក់ចុះ ហើយលោតែ​អត់ការងារ​ធ្វើ​ហ្នឹង ខ្ញុំច្បាស់អៀនមិនហ៊ានលាដៃ​សុំលុយម៉ាក់ប៉ាទេ ។

  3. ដើមត្នោត មួយ Says:

    ត្រូវហើយកេ សី ព្រោះជីវិត វាបង្រៀនខ្ញុំ ហ្នឹងណា! ហិ ហិ

    កាលខ្ញុំនៅជានិស្សិត អត់វេទនាទេ ប៉ុន្តែអត់លុយចាយ ចង់ទិញអី លុយមិនដល់។ ចេញធ្វើការ ហត់ជាង, មានសេរីភាពជាង គិតច្រើនជាង ទាំងស្រាវជ្រាវបន្ថែមចំណេះ ទាំងគ្រប់គ្រងចំណាយ មានសេរីភាពផងដែរ ខាងចង់ទិញរបស់របរ …។

    និយាយរួម ជីវិតជុំវិញ វាបង្រៀន ព្រោះឃើញគេច្រើនគ្នា ទាំងមិត្តភក្តិបារាំង ទាំងអ្នករួមជាតិខ្មែរយើង ខ្លះអត់ផ្ទះនៅ ខ្លះត្រូវធនាគារ បិទគណនី …

    បើអត់ គណនីធនាគារហើយ មិនដឹងធ្វើអ្វី ព្រោះគ្រប់សព្វ ឆ្លងកាត់ ហ្នឹងទាំងអស់ តាំងពី ប្រាក់ខែ ថ្លៃផ្ទះ … សព្វគ្រប់។

    ខ្ញុំវិញ, អោយតែប្រាក់ខែចូល, ខ្ញុំទុកតែ ១០០ យើរ៉ូ នៅ បណ្ណឥណទាន (credit card) សំរាប់ គេដកថ្លៃ អិនរើណែត, ថ្លៃអីៗ ដែលទាក់ទិន (ទាំងអស់ខ្ទង់ជិត ១០០ យើរ៉ូ/ខែ), ក្រៅពីហ្នឹង ផ្ទេរតាមអិនរើណែត ទៅគណនីសន្សំ (savings account) ប៉ុន្តែដកចេញ លុយសុទ្ធ ម្តង ១០០ ឬ ២០០ សំរាប់ចាយ។​ រីឯ បណ្ណឥណទាន ចាយម្តងម្កាល ពេលចាំបាច់។ ថ្លៃផ្ទះ អោយជា cheque ដកពីគណនីសន្សំ។

    ខ្ញុំក៏ចឹងដែរ, រឿង បណ្ណឥណទាន ខ្លាចគេលួចលេខ ព្រោះខ្ញុំទិញរបស់ លើអិនរើណែត ញយដងដែរ ម៉្លោះហើយខ្ញុំទុកលុយតិចតួច ក្នុង បណ្ណឥណទាន លើកលែង ពេលទិញសំបុត្រយន្តហោះ ពេលធ្វើដំណើរក្រៅប្រទេស, នៅសហរដ្ឋអាមេរិក ជាដើម។

    រឿងចាយវាយ បណ្ណឥណទាន, កេ សី គួរតាមដាន មួយអាទិត្យម្តង គណនីខ្លួនឯង លើអិនរើណែត បើមានអីប្លែក ទូរសព្ទប្រាប់ធនាគរភ្លាម កុំទុកយូរ។

    នៅប្រទេសគេនេះ បើមិនចេះ គ្រប់គ្រងចំណាយ ច្បាស់ជាឡប់ ជាពិសេសពេលមានបញ្ហា ព្រោះធ្វើការផង ដោះស្រាយបញ្ហាផង, បញ្ហាគឹលិខិតស្នាម, មិនពិបាកទេ ប៉ុន្តែវាជាន់ម៉ោងធ្វើការ ដោះស្រាយអ្វី ក៏មិនកើត។ បើយើងមិនចេះ ចាត់ចែងកិច្ចការ, រវល់រហូត ជារឿង មិនត្រូវរវល់សោះ។ ហិ ហិ

    នៅប្រទេសគេនេះ ប្តីប្រពន្ធ មានគណនីទីទៃពីគ្នា, គណនីប្តី គណនីប្រពន្ធ គណនីរួមទាំងពីរនាក់, មិនមែន គេមិនស្រលាញ់គ្នាទេ ប៉ុន្តែត្រូវតែចឹង!! ហិ ហិ អង្កាល់នៅជុំគ្នា ជាមួយម៉ន, កេ សី ? ហិ ហិ

  4. កេសី Says:

    ខ្ញុំនៅទីនេះក៏មិនដែលទុកលុយសុទ្ធច្រើនជាប់ខ្លួនដែរ ព្រោះភាគច្រើន​ចាយ​តាម credit card ។

    នៅទីនេះកន្លែងធ្វើការខ្ញុំ គេចេញអោយស្ទើរតែមួយចប់តាំងពីសំបុត្រយន្ត​ហោះទៅលេងផ្ទះមួយឆ្នាំពីរដង ថ្លៃសាលារៀន ថ្លៃតាក់ស៊ីទៅរៀន ថ្លៃផ្ទះ/ទឹក/ភ្លើង ថ្លៃធានារ៉ាប់រ៉ង ថ្លៃវីសាស្នាក់នៅ ហើយដល់ពេល​តែស្រួល​ពេកទៅ ខ្ញុំបែជាអត់ខ្ចីគិតអីសោះ ដឹងតែស្រួលរហូតអាងតែនៅម្នាក់​ឯង ហេហេហេ ។ តែតាំងពីស្គាល់បងម៉ន ខ្ញុំក៏ផ្លាស់ប្តូរច្រើនហើយ ព្រោះចាប់​ផ្តើមគិតអំពីរឿង​អនាគត ។

    ខ្ញុំនឹងបងម៉ន ប្រហែលជាមិនអាចរស់នៅជុំគ្នាឆាប់ៗទេ ព្រោះ​ខ្ញុំមិន​អាច​ទៅចោលការងារពាក់កណ្តាលទីបាន គឺត្រូវចាំប្រហែលជាពីរ ឬ បីឆ្នាំ​ទៀតទើបបាន តែពួកយើងក៏បានគិតពីរឿងអនាគតរបស់យើងខ្លះៗ​ហើយ​ដែរ ។ ធ្វើយ៉ាងម៉េចបើយើងនៅឆ្ងាយពីគ្នា អីចឹងមានតែទ្រាំំៗទៀតទៅ ។

  5. ដើមត្នោត មួយ Says:

    ហ្នឹងហើយ ជាឱកាសល្អ ដែលត្រូវសន្សំនោះ។

    រឿងសន្សំ បច្ចុប្បន្ន វាស្រួលជាងពីដើម ព្រោះមានធនាគារ ទុកអោយ, មិនដូចពីដើម ដាក់កូនជ្រូកដី ឬ កង្កែបស៊ីម៉ង់ នោះទេ!!

    សន្សំ គ្មានន័យថា មិនហ៊ានញ៉ាំ មិនហ៊ានចាយនោះទេ ប៉ុន្តែមានន័យថា មានផែនការច្បាស់លាស់ សំរាប់ចំណាយ​ និងខិតខំរកចំណូល តាមការងារ (មិនមែនពុករលួយទេ នៅប្រទេសគេនេះ ប៉ុន្តែ ធ្វើថែមពេល ជាដើម) ដើម្បីបង្កើនប្រាក់សន្សំ ព្រោះតាមរយះប្រាក់សន្សំ ទើបអាចពង្រីកទ្រព្យសម្បត្តិ ឬ ដើរកំសាន្ត ដូចជា ដើរទេសចរ ទិញផ្ទះ ទិញឡាន … ច្រើនទៀត ហើយ ធនាគារ ជាអ្នកត្រៀម អោយខ្ចីបង្គ្រប់ ដោយសងរំលួស តាមក្រោយ។ ហិ ហិ ប្រាកដណាស់ គូរនិងត្រូវតែ ទិញផ្ទះ មុនទិញឡានថ្មី !!!

    ខាងលើ គ្រាន់ជាត្រួសៗ, វានៅច្រើនទៀត ហិ ហិ

  6. ម៉ន Says:

    រឿងចិន kung fu ច្រើននិយាយថា “បើមិនទាន់ឃើញក្តារមឈូស មិនស្រក់ទឹកភ្នែកទេ” ហិ ហិ 😀

    នៅម្នាក់ឯង មិនចេះគិតក៏មិនអីដែរ ព្រោះថាម៉េចៗក៏ងាប់តែម្នាក់ឯង តែដល់ពេលមានគ្រួសារ មានកូន វាមិនអ៊ីចឹងទេ បើឳអត់ការធ្វើ ហើយអត់មានលុយសម្រាប់បណ្តោះអាសន្ន កូនៗច្បាស់ជាអត់បាយដែរហើយ ។

  7. 4cambodia Says:

    មិនសូវបានគិតមុខគិតក្រោយទេ រឿងចាយនឹង ឲ្យតែចង់ទិញៗតែម្តង!

  8. សុភា Says:

    លោកដើមត្នោតជំរាបសួរ
    ផែកការច្បាស់លាស់ណាស់ណ៎ ញុំណេះទៅផ្សារពេលខ្លះទាល់គំនិតមិនដឹងទិញអីទេ ទិញហើយ ម៉ោផ្ទះចាំគិត។ និយាយចឹង ចូលឆ្នាំមានគំរោងអីទេ ញុំចង់ទៅដែរ 😀

  9. ចំរើន Says:

    ពិសេសមែនបន្ទាប់ពីអានរួច ខ្ញុំចង់តែទៅលេងបារាំងទេ។ merci bien pour avoir posté cet article.

    A+

  10. ដើមត្នោត មួយ Says:

    @ម៉ន ៖ មិនទាន់មានគ្រួសារ ឬ មានគ្រួសារហើយ វាមានចំណុចល្អ និង ចំណុចអន់ ប្រហាក់ប្រហែកគ្នា តែទីទៃពីគ្នា, ហ្នឹងចង់និយាយ ករណីនៅប្រទេសក្រៅ។ ហិ​ ហិ
    ឧទាហរ ៖ អ្នកមិនទាន់មានគ្រួសារ បំរុងទិញផ្ទះ, ទៅធនាគារខ្ចីលុយ។ វាសួរមានលុយ ប៉ុន្មានផ្ទាល់ខ្លួន, មានប្រពន្ធអត់ (សួរមើលតែ ចង់បានឯង ធ្វើប្អូនថ្លៃ, ហិ ហិ​ និយាយលេងទេ) ព្រោះអត់ប្រពន្ធ ងាប់ពាក់កណ្តាលទី មានអ្នកណាសងជំនួស។ ហិ ហិ

    @4cambodia, សុភា, ចំរើន ៖ កាលនៅប្រទេសខ្មែរ, ដើមត្នោត ចាប់ផ្តើមចេះគិតខ្លាំង កាលរៀនលើកដំបូង នៅជប៉ុន (Suzuka ១៩៩៨ និង Tokyo ២០០០) ព្រោះរបស់របរ ថ្លៃពេក។ រៀនចប់ មកប្រទេសខ្មែរវិញ ទៅជាទំលាប់ តែម្តង ហើយវាពិតជាប្រយោជ។
    ចូលឆ្នាំខ្មែរ នៅប្រទេសគេនេះ គ្មានបានឈប់ទេ លើកលែងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ។ កន្លែងចូលឆ្នាំ មានតែទៅវត្ត ប៉ុណ្ណឹង ហើយចំនួនខ្មែរ គ្មានច្រើន នៅប្រទេសបារាំង។ បន្ទាប់ពីចូលឆ្នាំសកល គឺចូលឆ្នាំចិន មានលោតម៉ុងសាយ តាក់តែងសព្វគ្រប់ នៅ China Town (សង្កាត់ ១៣)។
    បញ្ជាក់ ៖
    -សឹងគ្រប់ហាងគុយទាវ នៅ China Town ក្រុងប៉ារីស, អ្នកបំរើ ចេះនិយាយខ្មែរ ព្រោះ ភាគច្រើនថៅកែ ជាចិន ធ្លាប់បាន រស់នៅ ប្រទេសខ្មែរ សម័យលន់នល់ ឆ្នាំ ១៩៧០ ឧទាហរ ៖ ហាង Tricotin ជាដើម។
    – រីឯ China Town នៅ New York (ធំច្រើនដងជាង China Town នៅ ប៉ារីស) ប៉ុន្តែសុទ្ធតែចិន ពីចិនដីគោកហ្មង។​ របៀបរបបសកម្មភាព ពួកចិននោះ ដូចបេះបិទ នៅចិនដីគោក ព្រោះដើមត្នោត ធ្លាប់ទៅការងារ នៅ Beijing និង Great Wall, Shanghai, Hong Kong, Qi ling ចឹងហើយបានដឹងប្រៀបធៀប។ នៅ Washington DC ក៏ចិនដីគោកដែរ ប៉ុន្តែដូចមានសណ្តាប់ធ្នាប់ ជាង នៅ New York។
    – ចំណែក China Town នៅ London (តូចជាង China Town នៅប៉ារីស) ហើយម្ហូបម្ហារមិនបាច់លូកទេ មហាថ្លៃ។ ចិនចំរុះ។

  11. កូនខ្មែរ-បារាំង Says:

    អត្ថាធិប្បាយរបស់ លោក ដើមត្នោតមួយ បានពិស្ដារល្អណាស់អំពីជីវភាពនឹង​ការរស់នៅ​​ នៅប្រទេសបារាំង។ Châpeau bas!

  12. កុលាប Says:

    ខ្ញុំជាអ្នកឆ្ងល់ព្រោះ​មិនឃើញមានម្ហូបអាស៊ីមែន !…
    តែបើឲ្យញ៉ាំជារបៀបដើមត្នោត​ច្បាស់ជា​ធាត់ស្លាប់ហើយ​!..
    ព្រោះថា៖លេងសុទ្ធតែសាច់ដុំៗយ៉ាងនេះខ្ញុំពិតជាពួយមួយ
    ចំអែតហើយ បែបពីរដងសាច់ហ្នឹងទើបឆ្អែតណា៎ !..
    ម្យ៉ាងទៀត អត់ម្ជូរគ្រឿង​ឬឆាក្តៅដាក់ម្រះព្រៅក្នុងមួយអាទិត្យ
    ម្តង​ទៅពីរដង ច្បាស់ជារលំតូងតែម្តង ​!.. ហាសហាហា
    អាចដល់ថ្នាក់សន្លប់ផងក៍ថាបានណា៎ !..៚
    ៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚៚

  13. ដើមត្នោត មួយ Says:

    សួស្តី កុលាប Switzerland!

    ដើមត្នោតមិនធាត់ទេ ប៉ុន្តែក៏មិនស្គមដែរ ព្រោះដើមត្នោត ញ៉ាំខ្លាំង ធ្វើការក៏ខ្លាំង ជាញឹកញាប់ ១៨ – ២០ ម៉ោង / ១ ថ្ងៃ ជាមួយខំព្យូរើ, នៅកន្លែងធ្វើការ ៨ ម៉ោង សល់ប៉ុន្មាន គឺនៅផ្ទះ ឬ នៅទីដទៃ។ ចឹងហើយ ឃើញពេលវេលា មិនគ្រប់ទៀតហ្នឹងណា ព្រោះការងារមិនទាន់រួចរាល់ផង ដលម៉ោងទៅធ្វើការ។

    ដល់ធ្វើការខ្លាំងចឹង មានធាត់ឯណា មានតែឧស្សាហ៍ឃ្លាន បើញ៉ាំស្ទើរ ឃ្លានទ្រាំមិនបាន គ្មានកំលាំងធ្វើការ។ ថ្ងៃខ្លះ ពេលអង្គុយធ្វើការ មានអារម្មណ៍ ឡើងសាច់ សងខាងត្រគាក, ភ័យណាស់ញ៉ាំតែបន្លែផ្លែឈើ ផឹកទឹកនេះនោះ មួយថ្ងៃពីរថ្ងៃជាប់គ្នា ជំនួសអាហារប្រចាំថ្ងៃ ដើម្បីកុំអោយធាត់។

    ដើមត្នោត ខ្លាចធាត់ណាស់ ព្រោះដើមត្នោតធ្លាប់ធាត់ ដុះក្បាលពោះ កាលនៅប្រទេសខ្មែរ ដូចជាមិនស្រួលសោះ ទាំងដើរ ទាំងដេក។
    នៅប្រទេសខ្មែរ គេចង់បានធាត់, រីឯនៅប្រទេសជឿនលឿន គេចង់បានស្គម, គ្មានអ្នកណាសរសើរធាត់ទេ មានតែចំណាយលុយកាក់ ធ្វើយ៉ាងណា មិនអោយធាត់ធាត់។

  14. កុលាប Says:

    សូមរៀនតាមត្រង់ ខ្លាចធាត់ត្រូវធ្វើម៉េច ?… តែមិនអាចរៀនតាមបាន
    ត្រង់ធ្វើការ ក្បែរៗ ២៤ ម៉ /​១ថ្ងៃ ​។ បែបនេះ បើជាខ្ញុំប្រហែលបើក
    ភ្នែកលេងរួចតែម្តង !.. សូមសរសើរ ពិតជាខ្លាំងមែន !..
    សួរមួយសិន ធ្វើការជាមួយខំព្យូរើ​រហូតបែបនេះ​មានពេលទំនេរ
    លេងសើច​​អត់ ?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: